កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញចូលរួម ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបានអញ្ជើញចូលរួម ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

 

អង្គមហាសន្និបាត មានការអញ្ជើញចូលរួមជាសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ប្រតិភូតំណាងសាខា ទាំង២៥ រាជធានី-ខេត្ត, អ្នកស្ម័គ្រចិត្ត ទាំង ១៤ អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។ សមាសភាពចូលរួមសង្កេតការណ៍ចំនួន ៧៧នាក់ ជាប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រតិភូគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម, ស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងក្រុមប្រតិបត្តិថ្នាក់កណ្តាល។