ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ២៧១ប័ណ្ណ

ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ២៧១ប័ណ្ណ ស្ថិតក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុក អាជ្ញាធរក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិជាម្ចាស់លើផ្ទះសម្បែង ដីធ្លីស្របទៅតាមច្បាប់។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមដែលដឹកនាំដោយរបប ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបរស៊ីដើម្បីចិញ្ចឹមជីវិត។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើបងើបពីគំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាពជាង២០ឆ្នាំមកនេះ កម្ពុជាកំពុងតែអភិវឌ្ឍន៍ ជឿនលឿនស្ទើរតែគ្រប់វិស័យ ជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសលើការងារមានសិទ្ធិរស់រៀន ការកាន់កាប់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ត្រូវរស់នៅ ឬកាន់កាប់អចលនវត្ថុទាំងអស់ត្រូវមិនមានទំនាស់មុននឹងក្រសួង និងពាក់ព័ន្ធបានចេញប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជៀសវាងមានការប្រកែកគ្នា ដែលនាំឱ្យមានការលំបាកដល់ការសិក្សា វិនិច្ឆ័យ លើប្រវត្តិដីធ្លីក្នុងការចេញប័ណ្ណ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមឯកសារឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

អុឹមមុន្នីចិន្តា 0964466124