ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយថ្ងៃនេះយើងសម្ពោធសមិទ្ធផលថ្មីក្នុងអាណត្តិទី៦។ ខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទន្ទឹមនោះក៏មានហេដ្ឋារចនាតភ្ជាប់ពីភូមិមួយទៅភូមិមួយសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ និងមានសមិទ្ធផលជាច្រើនផ្សេងៗទៀតដែលបាននឹងកំពុងកើតមាននាពេលបច្ចុប្បន្ន។ ថ្ងៃនេះយើងបានតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តកោះកុង មកកាន់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយអ្នកកោះរ៉ុងមានសំណាងមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង។ ហើយបណ្តាញអគ្គិសនីនៅលើកោះនេះ និងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋតំបន់កោះ។ សម្តេចតេជោបានគិតគូរពីសុខទុកប្រជាពលរដ្ឋនៅតំបន់កោះ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនីជាតិ យើងចង់ធ្វើឱ្យបានលឿន ឆាប់ ហើយខ្សែបណ្តាញអគ្គិសនីនេះមានប្រវែងជាង ១០០គីឡូម៉ែត្រ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា សម្តេចតេជោបានផ្តល់ឱកាសឱ្យឯកឧត្តម កែវ រតនៈ បំពេញការងារតភ្ជាប់បណ្តាញអគ្គិសនីជាតិមកកាន់ប្រជាពលរដ្ឋតំបន់កោះ ព្រមទាំងបានធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវបេតុងមានប្រវែងជាង ៤០គីឡូ ហើយសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើការវិនិយោគឱ្យក្រុមហ៊ុននៅលើកោះ ដើម្បីជំរុញការអភិវឌ្ឍកែឆ្នៃសក្តានុពលវិនិយោគ ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់កោះមកកាន់ដីគោក ប្រជាជននៅលើកោះមានតម្លៃភ្លើងធ្លាក់ចុះ រួមចំណែកលើកកម្ពស់ជីវភាព ស្នើសុំអាណាព្យាបាលជំរុញកូនចៅចូលសិក្សាទទួលយកចំណេះដឹង ជំនាញយើងត្រូវចាប់យកឱកាសពីការវិនិ យោគ ព្រោះឱកាសការងារមានច្រើននៅលើកោះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរសមិទ្ធផលនេះ ដែលបងប្អូនទទួលបានអគ្គិសនីបណ្តាញជាតិប្រើប្រាស់ ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សង្កាត់កោះរ៉ុងដូចជា ១.ភ្លើងបណ្តាញជាតិ ២៤ម៉ោង ព្រោះការផលិតភ្លើងរបស់យើងមានគ្រប់គ្រាន ២.អគ្គិសនីចេញពីថាមពលស្អាត ៣.ភ្លើងដែលមានតម្លៃថោក ជាភ្លើងអនុគ្រោះ រដ្ឋជាអ្នកចេញថ្លៃខាតជំនួសប្រជាពលរដ្ឋ។ ការបេ្តជ្ញារបស់សម្តេចតេជោ ហ៊ុន សែន មិនឱ្យអគ្គិសនីឡើងថ្លៃ ពិសេសគឺចង់ឱ្យអ្នកកោះរ៉ុង មានទឹកស្អាត ភ្លើងរបស់រដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក។ វឌ្ឍនភាព ២៥ឆ្នាំ កម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍទើបយើងរៀបចំប្រភពអគ្គិសនីប្រើដោយមានដូចជា ១.វារីអគ្គិសនី ២.អគ្គិសនីប្រើដោយធ្យូងថ្ម ៣.អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ។

ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាមួយរាជរដ្ឋាភិបាលដោយបានទម្លាក់ថវិកា ៥លានដុល្លាអាមេរិក ឱ្យរាជរដ្ឋាភិបាលខ្ចីដោយមិនគិតការប្រាក់ ក្នុងការអភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងបានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះជាធនធានជាតិរបស់យើងទាំងអស់គ្នា ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវ បន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។ កម្ពុជាមានបណ្តាញខ្សែកាបនៅបាតសមុទ្រ និងខ្សែកាបនៅបាតទន្លេ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់មកដល់បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាបានគ្របដណ្តប់លើភូមិចំនួន ៩៩ភាគរយ និងបន្តឱ្យប្រជាពលរដ្ឋនៅតាមជនបទមានភ្លើងប្រើប្រាស់នៅតាមខ្នងផ្ទះឱ្យបាន ១០០ភាគរយនៅពេលខាងមុខ។

អុឹមមុន្នីចិន្តា 0964466124