ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះ១ខ្នងទី១០២ និងចែកអំណោយជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅក្រុងស្ទឹងសែន 

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញប្រគល់ផ្ទះ១ខ្នង ផ្ទះទី១០២ មានទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រឈ្មោះ ខៀវ សារ៉េត និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកស្បូវ សង្កាត់អូរកន្ធូរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្ដេចទាំងពីរតែងតែផ្ដល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីភាពខ្វះខាត ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ឯកឧត្តមបន្ថែមទៀតថា ការសាងសង់ផ្ទះរបស់កាកបាទក្រហម គឺយើងសាងសង់ជូនចំពោះប្រជាពលរដ្ឋពុំមានជម្រកសមរម្យ ហើយក៏មិនបានទាំងអស់គ្នានោះដែរ គឺផ្ដល់ជូនទៅតាមលទ្ធភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ហើយថវិកាទាំងអស់នេះគឺបានមកពីរៃអង្គាសគ្នា និងសប្បុរសជននានានៅក្នុងស្រុកនិងក្រៅស្រុក។   ឯកឧត្តមក៏បានបន្តទៀតថា ថវិកាទទួលបានពីសប្បុរសជននានាមួយឆ្នាំម្ដង យកមកប្រើប្រាស់លើការងារមនុស្សធម៌ទាំងអស់នេះមានដូចជា សាងសងផ្ទះ ផ្ដល់ជាគ្រឿងឧបភោគបរិភោគ ចូលរួមការងារសង្គមផ្សេងៗមាន(ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ គ្រោះរាងស្ងួត ជូនគ្រួសារដែលងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយជាដើម)។សកម្មភាពការងារមនុស្សធម៌ជាសកម្មភាពមួយរស់រវើកដែលកើតចេញពី សាខាកាកបាទក្រហមខេត្តតែងតែធ្វើគ្រប់សកម្មភាពទាំងអស់ ទីណាមានទុក្ខលំបាកទីនោះតែងតែមានសាខាកាកបាទក្រហមខេត្តចុះជួយជានិច្ច ។

ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគឺ យកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ព្រោះរដូវនេះជារដូវរងារ និងងាយឆ្លងជំងឺផ្ដាសាយផងដែរ។ សូមឱ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យនិងតាមដានពីការចុះឈ្មោះបញ្ជីបោះឆ្នោត ព្រមទាំងជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ក្នុងគ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងឃីត០១កញ្ចប់ផងដែរ