សមត្ថកិច្ច​ស្ទូច​យក​រថយន្ត​ទំនើប​១​គ្រឿង​ទៅ​រក្សាទុក​ដែល​ម្ចាស់​ទុកចោល​

ព្រះសីហនុ​៖​កាលពី​យប់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​មន្ត្រី​ក្រុងព្រះសីហនុ​បានឱ្យដឹងថាៈ​សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​ទំនើប​១​គ្រឿង​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ជា​បណ្តោះអាសន្ន​។​រថយន្ត​នេះ​ដែល​ម្ចាស់​ចត​ទុកចោល​ប៉ុន្មាន​ថ្ងៃ​មកហើយ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT​អូរ​បី​ក្នុង​សង្កាត់​៤​ក្រុងព្រះសីហនុ​។

​មន្ត្រី​ក្រុងព្រះសីហនុ​បាន​បន្តថាៈ​ការចុះ​ស្ទូច​រថយន្ត​ទំនើប​១​គ្រឿង​នេះ​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​បន្ទាប់ពី​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ព្យាយាម​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​ឱ្យមក​យក​រថយន្ត​ចេញពី​ស្ថានីយ៍​ប្រេង​។​ប៉ុន្តែ​មិនឃើញ​ម្ចាស់​រថយន្ត​មក​យក​ទើប​ម្ចាស់​ស្ថានីយ៍​ប្រេង​រាយការណ៍​មក​អាជ្ញាធរ​ក្រុងព្រះសីហនុ​ដើម្បី​សម្រួល​ស្ទូច​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​សាលាក្រុង ដើម្បី​រក្សា​សុវត្ថិភាព​៕​