ថ្នាក់ដឹកនាំខេត្ត អញ្ជើញបើវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលសាលា គរុកោសល្យ និងវិក្រឹតការខេត្ត ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ដើម្បីឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិ​ប្រព្រឹត្តិ​ទៅ មាន​សណ្តាប់ធ្នាប់​រៀបរ​យ​ល្អ ធានា​នូវ​ភាពយុត្តិធម៌ ប្រកបដោយ​គុណភាព និង​តម្លាភាព នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម​ ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡាខេត្ត អជ្ញាធរក្រុងតាខ្មៅ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រលង និង​ចូលរួម​បើក​វិញ្ញាសារ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២២-២០២៣ នៅមណ្ឌលសាលា គរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល ក្រុងតាខ្មៅ។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេង និងឯកឧត្ដម យក់ ង៉ុយ បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជា​សិស្សានុសិស្ស​ទាំងអស់ សូមកុំមានការភិតភ័យ ត្រូវមានសេចក្តីព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព ចំណេះដឹង ត្រូវធ្វើឱ្យបាន​រួចរាល់​លើ​គ្រប់​វិវិញ្ញាសា និងត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

ឯកឧត្តមអភិបាលខេត្ត ក៏បាន​ជូនពរ​ដល់​សិស្សានុសិស្ស​ទាំងអស់ឱ្យទទួលទាន​បាន​លទ្ធផល​ជោគជ័យ និង​ទទួល​បាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា​ក្នុង​សម័យ​ប្រឡង​ឆ្នាំ​នេះ ហើយ​រដ្ឋបាល​ខេត្ត​នៅតែ​បន្ត និង​ត្រៀម​រង្វាន់​សម្រាប់​ផ្ដល់​ជូន​សិស្សានុសិស្ស​ដែល​ទទួល​បាន​និទ្ទេស​ល្អប្រសើរ​ផងដែរ។

សូមជំរាបថា យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់ ដោយក្នុងនោះ ៖ ក្រុងតាខ្មៅមាន ចំនួន ១៣មណ្ឌល ស្រុកស្អាង ចំនួន ៤មណ្ឌល និងស្រុកកណ្តាលស្ទឹង ចំនួន ២មណ្ឌល ។

មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១០,៤០១នាក់ (ស្រី ៥,៧៤៦នាក់) ចែកជា ៖ ថ្នាក់វិទ្យាសាស្ត្រមាន ០៧មណ្ឌល បេក្ខជនសរុប ៣៤៤៥នាក់ ស្រី ២០៩២នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២ មណ្ឌល បេក្ខជនសរុប ៦៩៥៦នាក់ ស្រី ៣៦៥៤នាក់ ។

គួររំលឹកដែរថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង កាលពីឆ្នាំ២០២១ ទូទាំងខេត្តកណ្តាលមានសិស្សប្រុសប្រឡងជាប់ចំនួន ៦៨,២២% ស្មើនឹង ៥,៩២៤នាក់ និងសិស្សស្រីប្រឡងជាប់ចំនួន ៧៣,៩៣% ស្មើនឹង ៣,៦០៥នាក់។ ដោយទទួលបាននិទ្ទេសដូចខាងក្រោម ៖
-និទ្ទេស A សរុប ១២៧នាក់ ស្រី ៨៥នាក់
-និទ្ទេស B សរុប ៤៦៣នាក់ ស្រី ២៧៥នាក់
-និទ្ទេស C សរុប ៩៥១នាក់ ស្រី ៦២៧នាក់
-និទ្ទេស D សរុប ១៩៦៤នាក់ ស្រី ១២២១នាក់
-និទ្ទេស E សរុប ២៤១៩នាក់ ស្រី ១៣៩៧នាក់៕