ជនសង្ស័យប្រុសស្រី០៤នាក់ត្រូវបានអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនជាង០៩គីឡូ

ខេត្តស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ម្សិលមិញបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បើតាមមន្រ្តីអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់មាន ៖ ១.ឈ្មោះ កាវ គ័រវ៉ៃ  ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកកាស៊ីណូណាហ្គាទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារអូឡាំព្យាC2 ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ២.ឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង ឬ ទី) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅអគារអូឡាំព្យា ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ៣.ឈ្មោះ ចឹង ធីវី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារ អូឡាំព្យា ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ  តាម សុធាណា ហៅ ណាម  ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕