
សម្តេចតេជោ ហ៊ុន សែន ប្រកាសថារកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង តែប្រជាពលរដ្ឋកុំឆោឡោបាត់បង់ម្ចាស់ការ និង បង្កើនការប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំ ពិសេសបន្ទាន់មួយទាំងយប់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និង ប្រជាជនទូទាំងប្រទេស ក្រោយពេលរក ឃើញស្ត្រីម្នាក់ជាភរិយាអគ្គនាយកពន្ធនាគារមានជំងឺកូវីដ-១៩ ដែលជាការឆ្លងក្នុងសហគមន៍លើកដំបូងបំផុតនៅកម្ពុជា។
ក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ ក្នុងនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ហើយក្នុងចំណោមនោះ ក៏មានទាំងក្រុមគ្រួសារផងដែរ។
ចំពោះផ្សារអ៊ីអន១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការអធ្យាស្រ័យ ចំពោះការបិទផ្សារទំនើបនេះក្នុងមួយរយៈពេលខ្លី ដើម្បីត្រួតពិនិត្យអ្នកដែលមានការពាក់ព័ន្ធ។
ទោះបីយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការ គ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។